តាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រពីទីក្រុងហ្សឺណែវបានឲ្យដឹងថា អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃច័ន្ទថា លោកស្រី វ៉ាឡេរី អាម៉ុស (Valerie Amos) ប្រធានសម្របសម្រួលកិច្ចការមនុស្សធម៌និងជំនួយសង្គ្រោះបន្ទាន់នៃអង្គការសហប្រជាជាតិធ្វើដំណើរទៅប្រទេសស៊ីរីនៅថ្ងៃនេះ ដើម្បីពិភាក្សារកវិធីនានាក្នុងការបង្កើនការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅជនស៊ីវិលនៅក្នុងជម្លោះនៅប្រទេសស៊ីរី។
លោកស្រី អាម៉ុស ក៏ទៅប្រទេសលីបង់ដែរ ដែលនៅទីនោះលោកស្រីជួបក្រុមគ្រួសារប្រជាជនស៊ីរី ដែលបានរត់ភៀសខ្លួនពីសង្គ្រាម និងបើកកិច្ចពិភាក្សាអំពីការផ្ដល់ជំនួយគាំទ្រទៅជនភៀសខ្លួនដែលមានកាន់តែច្រើនឡើងៗនៅទីនោះ។
ស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរីកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា "តាមការប៉ាន់ស្មាន មានប្រជាជនពីរលាននាក់កំពុងប្រឈមផលប៉ះពាល់ដោយសារវិបត្តិនៃជម្លោះនេះ ហើយមានប្រជាជនជាងមួយលាននាក់ត្រូវបានរត់ភៀសខ្លួនពីភូមិឋាន"។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានលើកឡើងកាលពីថ្ងៃសុក្រថា មានជនភៀសខ្លួនស៊ីរីជិត១៥០.០០០នាក់បានចុះឈ្មោះនៅប្រទេសអ៊ីរ៉ាក់ ហ្សកដានី លីបង់ និងប្រទេសតួកគី ចាប់តាំងពីជម្លោះបានកើតឡើងរយៈ១៧ខែកន្លងទៅ៕