ឡុងដ៍- នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក អាលី អាកបា សាឡេហ៊ី បានអំពាវនាវឲ្យមានកិច្ចចរចា“យ៉ាងម៉ត់ចត់និងល្អិតល្អន់”រវាងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង ដោយ លោក បានប្រកាសប្រាប់ថា មានតែវិធីចរចាផ្ទៃក្នុងនេះទេដែលអាចដោះស្រាយវិបត្តិស៊ីរីបាន។
លោកសាឡេហ៊ី បាន និយាយក្នុងពេលចាប់ផ្ដើមសន្និសីទមួយនៅទីក្រុងតេហេរ៉ង់ដើម្បីពិភាក្សាអំពីអំពើបះបោរនោះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿជាក់ទាំងស្រុងថា មានតែវិធីចរចាយ៉ាងម៉ត់ចត់និងល្អិតល្អន់រវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងទេទើបអាចដោះស្រាយវិបត្តិនៅស៊ីរីដោយមានការគាំទ្រពីប្រជាជនស៊ីរី"។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍អ៊ីរ៉ង់ លោក សាឡេហ៊ី បាននិយាយថា ប្រទេសអ៊ីរ៉ង់សូម“ប្រឆាំងចំពោះការជ្រៀតជ្រែកពីសំណាក់បរទេសនិងយោធានៅស៊ីរី។ យើងសូមគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយវិបត្តិនេះ”៕