តេហេរ៉ង់, អ៊ីរ៉ង់-ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ង់បានផ្សាយកាលពីម្សិលមិញថា ចំនួនស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសអ៊ីរ៉ង់បានកើនឡើងដល់២៥០នាក់ហើយ រីឯចំនួនអ្នករបួសវិញកើនឡើងដល់ជាង២.០០០ នាក់ ហើយមនុស្សរាប់ពាន់អ្នកទៀត នាំគ្នានៅក្រៅផ្ទះពេញមួយយប់ ក្រោយពីការរញ្ជួយដីនោះបានបំផ្លាញភូមិ និងលំនៅឋានជាច្រើននៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។
រូបភាពផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ដំណឹងសំខាន់បានបង្ហាញឲ្យឃើញប្រជាជនរាប់សិបគ្រួសារកំពុងដេកលើភួយដែលក្រាលនៅលើដីក្នុងឧទ្យាននានា។ អ្នកខ្លះកំពុងយំ អ្នកខ្លះទៀតកំពុងរងាញ័រញាក់ដោយសារអាកាសធាតុត្រជាក់នៅតំបន់ភ្នំដែលទទួលរងការរញ្ជួយដី នៅជិតប្រទេសអាស៊ែបៃហ្សង់ ដែលជាប្រទេសជិតខាង។
ក្រុមអ្នកសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីរំដោះប្រជាជនដែលជាប់នៅក្នុង បំណែកអគារបាក់បែក ហើយបានចុះទៅដល់ភូមិមួយចំនួនដែលស្ថិតនៅឆ្ងាយៗ។ ទូរទស្សន៍ នេះក៏បានបង្ហាញឲ្យឃើញប្រជាជនជាច្រើននាក់កំពុងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ និងគ្លីនិកនានា រីឯប្រជាជនជាច្រើននាក់ទៀតកំពុងត្រូវបានព្យាបាលនៅតាមគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទីភ្នាក់ងារសង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីលើកទី១កាលពីថ្ងៃសៅរ៍ នៅម៉ោង៤ និង៥៣នាទីល្ងាច (ត្រូវនឹងម៉ោង១២និង២៣នាទីម៉ោងសកល) នោះមានអានុភាព៦,៤ រិចធឺរ និងកើតមានលើផ្ទៃដី ៦០ គីឡូម៉ែត្រ ភាគ ឦសាននៃទីក្រុងតាប្រ៊ីស (Tabriz) ក្នុងជម្រៅ៩,៩គីឡូម៉ែត្រ។ ទូរទស្សន៍របស់រដ្ឋបានដកស្រង់សម្ដីរបស់ប្រធានគណៈកម្មាធិការវិបត្តិមូលដ្ឋាន លោក ខាលីល សាអេ (Khalil Saei) ដែលបាននិយាយថា ចំណុចកណ្ដាលនៃរញ្ជួយដីនេះ គឺស្ថិតនៅចន្លោះទីប្រជុំជន អាហា (Ahar) និងហារីស (Haris) ចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងតេហេរ៉ង់។
ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍បញ្ជាក់ថា ការរញ្ជួយដីនេះ កើតមាននៅទីប្រជុំជនអាហារ ហារីស និងវ៉ាសាកាន់ (Varzaqan) នៅខេត្តអាស៊ែបៃហ្សង់ភាគខាងកើតប្រទេសអ៊ីរ៉ង់។ មានភូមិយ៉ាងតិចចំនួនប្រាំមួយភូមិត្រូវខូចខាតទាំងស្រុង ហើយភូមិចំនួន៦០ភូមិទៀតត្រូវទទួលរងការខូចខាត ចាប់ពី៥០ភាគរយ រហូតដល់៨០ភាគរយ។
កាលពីឆ្នាំ២០០៣ មានប្រជាជនប្រមាណ ២៦.០០០ នាក់ស្លាប់ដោយសារការរញ្ជួយដីមានអានុភាព៦,៦ រិចធឺរ ដែលបានបំផ្លាញទីក្រុងបាម (Bam) ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់៕