Monday, August 13, 2012

ប្រធានសម្របសម្រួល​​​​​​កិច្ច​ការ​មនុស្សធម៌​និង​ជំនួយ​​សង្គ្រោះ​បន្ទាន់​​​នៃ​អង្គការ​សហប្រជាជាតិ​ទៅ​​​​ប្រទេស​ស៊ីរី​ និង​លីបង់​​

តាម​សេចក្ដី​រាយការណ៍​ដោយ​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ​ពី​ទីក្រុងហ្សឺណែវ​បាន​ឲ្យ​ដឹង​ថា ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​​របស់​ខ្លួន កាល​ពី​ថ្ងៃ​ច័ន្ទ​​ថា លោក​ស្រី វ៉ាឡេរី អាម៉ុស (Valerie Amos) ប្រធាន​សម្រប​សម្រួល​កិច្ច​ការ​មនុស្ស​ធម៌​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​​នៃ​អង្គការ​សហប្រជាជាតិ​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​​នេះ​ ដើម្បី​ពិភាក្សា​​រក​វិធី​នានា​​​ក្នុង​ការ​បង្កើន​​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​​​ទៅ​ជន​ស៊ីវិល​​នៅក្នុង​​​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។

លោកស្រី អាម៉ុស ក៏​ទៅ​ប្រទេស​លីបង់​ដែរ ដែល​នៅ​ទីនោះ​លោក​ស្រី​ជួប​ក្រុម​គ្រួសារ​​ប្រជាជន​ស៊ីរី ដែល​បាន​រត់​ភៀសខ្លួន​ពី​សង្គ្រាម​ និង​បើក​កិច្ច​ពិភាក្សា​​អំពី​​ការ​ផ្ដល់​​ជំនួយ​​គាំ​ទ្រ​ទៅ​ជនភៀសខ្លួន​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ទីនោះ។

ស្ថានភាព​មនុស្ស​ធម៌​នៅ​ប្រទេស​ស៊ីរី​​​កាន់តែ​​ធ្ងន់ធ្ងរ​​ទៅៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ។ សេចក្ដី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា "​តាម​ការ​ប៉ាន់ស្មាន​ មាន​ប្រជាជន​ពីរ​លាន​នាក់​​​កំពុង​ប្រឈម​ផល​ប៉ះ​ពាល់​​ដោយ​សារ​វិបត្តិ​នៃ​ជម្លោះ​នេះ ហើយ​មាន​​​ប្រជាជន​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​រត់​ភៀសខ្លួន​ពី​ភូមិឋាន"។

​ទីភ្នាក់ងារ​​ជនភៀសខ្លួន​​អង្គការ​សហ​ប្រជា​ជាតិ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា មាន​​​ជនភៀសខ្លួន​ស៊ីរី​​ជិត​១៥០.០០០​នាក់​បាន​ចុះ​ឈ្មោះ​នៅ​ប្រទេស​អ៊ីរ៉ាក់ ហ្សកដានី លីបង់ និង​ប្រទេស​តួកគី ចាប់​តាំងពី​ជម្លោះ​បាន​កើតឡើង​រយៈ​១៧​ខែ​កន្លង​ទៅ៕ ​​