Sunday, August 12, 2012

សារ​ពី​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិជូន​ចំពោះ​យុវជន​លើ​ពិភពលោក រួម​ទាំង​យុវជន​ខ្មែរផង

ទិវា​យុវជន​អន្តរជាតិ, ថ្ងៃទី១២ ខែសីហា

សារ​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិសម្រាប់​ឆ្នាំ​២០១២

​បច្ចុប្បន្ន ​មាន​យុវជន​ច្រើន​បំផុត​ពុំដែល​ធ្លាប់​មាន​ពី​មុន​មក ហើយ​​ភាគ​ច្រើន​នៃ​​យុវជន​ទាំងនោះ​​រស់​នៅ​​​​​​ក្នុង​បណ្ដា​ប្រទេស​កំពុង​​អភិវឌ្ឍ។ យុវជន​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​ក្រុម​គ្រួសារ​ទាំងមូល​។

ប៉ុន្តែ​មាន​យុវជន​ច្រើន​ណាស់​ រួម​ទាំង​​យុវជន​ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពង់​ខ្ពស់ ឬ​​យុវជន​ដែល​មាន​ចំណេះ​ដឹង​​ជ្រៅ​ជ្រះ​ផង ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ការ​ងារ​​គ្មាន​អនាគត ហើយ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​​ច្រើន។

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​​ធ្វើ​ឲ្យ​ប៉ះពាល់​យុវជន​យ៉ាង​ខ្លាំង​បំផុត ហើយ​មាន​យុវជន​ជា​ច្រើន​អស់​សង្ឃឹម ឬ​​​​បាក់​ទឹក​ចិត្ត​ដោយ​សារ​​ភាព​អយុត្តិធម៌​សង្គម​កាន់​តែ​ខ្លាំង​ឡើងៗ។ យុវជន​ជាច្រើន​​​អស់​​​សង្ឃឹម​ចំពោះ​អនាគត​ ​និង​​គ្មាន​សិទ្ធិ​​ចូល​រួម​ក្នុង​ដំណើរ​ការ​​នយោបាយ​ សង្គម និង​អភិវឌ្ឍន៍ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ប្រសិនបើ គ្មាន​វិធាន​ការ​​ជា​បន្ទាន់​ទេ នោះ​យើង​ពិត​ជា​​​ប្រឈម​នឹង​ការ​បង្កើត​ឲ្យ​​មាន​ "ជំនាន់​យុវជន​​ដែល​ពោរពេញ​ដោយ​ក្ដី​​សង្ឃឹម" ក្នុង​ការ​ប្រើ​​បញ្ញា និង​ក្ដី​ស្រមៃ​​​យ៉ាង​ខ្ជះខ្ជាយ​​បំផុត។

​ធ្វើ​ការ​ជាមួយ​យុវជន និង​ដើម្បី​យុវជន​គឺជា​អាទិភាព​ចម្បង​មួយ​ក្នុង​​ចំណោម​បណ្ដា​អាទិភាព​ធំៗ​របស់​ខ្ញុំ។ យុវជន​ជា​កម្លាំង​ពោរពេញ​ដោយ​អំណាច​​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ យុវជន​ជា​​ភ្នាក់ងារ​ដែល​​​មាន​គំនិត​ច្នៃប្រឌិត គំនិតវាងវៃ និង​ចង់​ដឹង​ចង់​ឃើញ​អ្វី​ដែល​ថ្មី មិន​ថា នៅ​ក្នុង​​ទី​សាធារណៈ មិន​ថា​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត។ តាម​រយៈ​តួនាទី​យ៉ាង​សំខាន់​របស់​យុវជន​ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​សេរីភាព ​ប្រជាធិបតេយ្យ និង​សមធម៌ ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​​យុវជន​​ពិភព​លោក​ ក្នុង​ការ​គាំ​ទ្រ​សន្និសីទ​អង្គការ​សហប្រជាជាតិ Rio+20 ស្ដីពី​ការ​អភិវឌ្ឍ​មាន​និរន្តរភាព យុវជន​នៅ​មិន​ទាន់​​បាន​បង្ហាញ​​សមត្ថភាព​និង​បំណង​ប្រាថ្នា​របស់​ខ្លួន​​អស់​ពី​កម្លាំង​កាយ​​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​​​ និង​បញ្ឈប់​បញ្ហា​លំបាក​នានា​លើ​ពិភពលោក​នៅ​ឡើយ។

យុវជន​មិន​មែន​ជា​​អ្នក​ដែល​ចេះ​តែ​​ទទួល​ផល​ដោយ​ងាយៗ​​នោះ​ទេ ​ប៉ុន្តែ​យុវជន​​ជា​ដៃគូ​​ប្រកប​ដោយ​សមភាព និង​ប្រសិទ្ធភាព។ បំណង​ប្រាថ្នា​របស់​យុវជន​មិន​មែន​ត្រឹម​តែ​មាន​ការងារ​ធ្វើ​តែ​ប៉ុណ្ណោះ​ទេ។ យុវជន​ក៏​ចង់​មាន​​សំឡេង ជា​សំឡេង​យ៉ាង​ពិត​ប្រាកដ​ក្នុង​​ការ​បង្កើត​គោល​នយោបាយ​នានា​ដែល​​​មាន​ឥទ្ធិពល​លើ​អនាគត​របស់​ខ្លួន​ដែរ។ យើង​ត្រូវ​ការ​​ស្ដាប់​យុវជន ហើយ​ត្រូវ​ឲ្យ​យុវជន​ចូលរួម។ យើង​​ត្រូវការ​បង្កើត​យន្តការ​​រឹងមាំ​ឲ្យ​បាន​កាន់​តែ​ច្រើន​សម្រាប់​ឲ្យ​យុវជន​ចូល​រួម។ ឥឡូវ​នេះ​​​ដល់​ពេល​​យើង​ត្រូវ​​បញ្ចូល​សំឡេង​​យុវជន​ឲ្យ​កាន់​តែ​មាន​ន័យ​ទៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច​​​នៅ​គ្រប់​លំដាប់​ថ្នាក់​។

នៅ​លើ​ពិភពលោក មាន​ការ​ទទួល​ស្គាល់​កាន់តែ​ច្រើន​ឡើងៗ​ចំពោះ​តម្រូវ​ការ​​ក្នុង​ការ​ពង្រឹង​គោល​នយោបាយ​ និង​​ការ​វិនិយោគ​ទុន​​​នានា​ដែល​​ត្រូវ​​ឲ្យ​​​​យុវជន​ចូល​រួម​​​​​។ នៅ​ក្នុង​ទិវា​យុវជន​អន្តរជាតិ​នេះ ខ្ញុំ​សូម​អំពាវ​នាវ​​​ទៅ​រដ្ឋាភិបាល​នានា វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​និស្សិត​បញ្ញវន្ត​មេត្តា​បើក​ឱកាស​ឲ្យ​យុវជន​​​ចូលរួម និង​ពង្រឹង​ភាព​ជា​ដៃ​គូ​​ជាមួយ​បណ្ដា​អង្គការ​ដែល​ដឹក​នាំ​ដោយ​យុវជន។ យុវជន​អាច​ជា​អ្នក​កំណត់​ថា តើ​យុគសម័យ​នេះ​​​​បោះជំហាន​ទៅមុខ​​​​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត ឬ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​​កាន់​តែ​ល្អ​ប្រសើរ។ ​​យើង​ទាំង​អស់​គ្នា​​ត្រូវ​​​គាំទ្រ​យុវជន​ក្នុង​ពិភពលោក​របស់​យើង​ ដើម្បី​ឲ្យ​យុវជន​​វិវឌ្ឍ​ឈាន​ទៅ​ជា​​​មនុស្ស​​ពេញ​វ័យ​ដែល​​​លើក​កម្ពស់​យុវជន​ជំនាន់​ថ្មី​​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត និង​មាន​អំណាច​កាន់​តែ​ខ្លាំង៕

បាន គីមូន (Ban Ki-moon) ​​អាន​សារ​នេះ​ជា​ភាសា​អង់គ្លេស