Thursday, August 9, 2012

ប្រទេសអ៊ីរ៉ង់អំពាវនាវឲ្យមានកិច្ចចរចារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង

ឡុងដ៍- នៅថ្ងៃព្រហស្បតិ៍នេះ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ លោក អាលី អាកបា សាឡេហ៊ី បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​“យ៉ាងម៉ត់ចត់​និង​ល្អិត​ល្អន់”​រវាង​រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ប្រឆាំង ដោយ លោក បាន​ប្រកាស​ប្រាប់​ថា មាន​តែ​វិធី​ចរចា​ផ្ទៃ​ក្នុង​នេះ​ទេ​ដែល​អាច​ដោះ​ស្រាយ​វិបត្តិស៊ីរី​បាន។​

លោក​សាឡេហ៊ី បាន និយាយ​ក្នុង​ពេល​ចាប់​ផ្ដើម​សន្និសីទ​មួយ​នៅ​ទី​ក្រុង​តេហេរ៉ង់​ដើម្បី​ពិភាក្សា​អំពី​អំពើ​បះបោរ​នោះ​ថា​ “សាធារណ​រដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿជាក់ទាំងស្រុងថា មាន​តែ​វិធី​ចរចា​យ៉ាង​ម៉ត់​ចត់​និង​ល្អិតល្អន់​រវាង​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​ទេ​ទើប​អាច​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ស៊ីរី"។

នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​អ៊ីរ៉ង់ លោក​ សាឡេហ៊ី បាន​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​សូម​“ប្រឆាំង​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​បរទេស​និង​យោធា​នៅ​ស៊ីរី។ យើងសូម​គាំទ្រ​កិច្ចប្រឹង​ប្រែង​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នេះ”៕