Sunday, August 12, 2012

ចំនួន​ស្លាប់​​​ដោយ​សារ​​ការ​រញ្ជួយ​ដី​នៅ​អ៊ីរ៉ង់​​​កើន​ឡើង​​ដល់​​២៥០​នាក់ របួស​២.០០០​នាក់

តេហេរ៉ង់, អ៊ីរ៉ង់-​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​​បាន​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា ចំនួន​ស្លាប់​ដោយ​សារ​​ការ​រញ្ជួយ​ដី​​​​​នៅ​ប្រទេស​អ៊ីរ៉ង់​បាន​កើន​ឡើង​ដល់​​២៥០​នាក់​ហើយ រីឯ​ចំនួន​អ្នក​របួស​វិញ​កើន​ឡើង​ដល់​ជាង​២.០០០ នាក់ ហើយ​មនុស្ស​រាប់​ពាន់​អ្នក​ទៀត​ នាំ​គ្នា​នៅ​ក្រៅ​ផ្ទះ​​ពេញ​មួយ​យប់ ក្រោយ​​ពី​​ការ​រញ្ជួយ​ដី​នោះ​បាន​​​បំផ្លាញ​ភូមិ​​ និង​​​លំនៅឋាន​ជាច្រើន​នៅ​ភាគ​​ពាយ័ព្យ​នៃ​ប្រទេស​អ៊ីរ៉ង់។

រូបភាព​ផ្សាយ​តាម​​​​ប៉ុស្តិ៍​ទូរទស្សន៍​ដំណឹង​សំខាន់​​បាន​បង្ហាញ​ឲ្យ​ឃើញ​​​​ប្រជាជន​​រាប់​សិប​គ្រួសារ​​កំពុង​ដេក​លើ​ភួយ​ដែល​ក្រាល​នៅ​លើ​ដី​ក្នុង​ឧទ្យាន​នានា។ អ្នក​ខ្លះ​កំពុង​យំ អ្នក​ខ្លះ​ទៀត​កំពុង​រងា​ញ័រញាក់​ដោយ​សារ​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ភ្នំ​ដែល​​ទទួល​រង​​​ការ​រញ្ជួយ​ដី​ នៅ​ជិត​​​​ប្រទេស​អាស៊ែបៃហ្សង់ ដែល​ជា​ប្រទេស​ជិតខាង។

ក្រុម​អ្នក​សង្គ្រោះ​​បាន​ធ្វើ​ការ​ពេញ​មួយ​យប់​​ដើម្បី​​រំដោះ​ប្រជាជន​ដែល​ជាប់​នៅក្នុង​​ បំណែក​អគារ​បាក់បែក​ ហើយ​បាន​​​ចុះ​ទៅ​​ដល់​ភូមិ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​​ឆ្ងាយៗ។ ទូរទស្សន៍​​ ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​​​ប្រជាជន​ជាច្រើន​នាក់​កំពុង​ត្រូវ​បាន​​​នាំ​​​ទៅ​កាន់​មន្ទីរពេទ្យ​ និង​គ្លីនិក​នានា​ រីឯ​ប្រជាជន​ជាច្រើន​នាក់​ទៀត​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​តាម​គ្រែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ទីភ្នាក់ងារ​​សង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​​បាន​រាយការណ៍​ថា ការ​រញ្ជួយ​ដី​​លើក​ទី​១​​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ម៉ោង​៤ និង​៥៣​នាទី​ល្ងាច (ត្រូវ​នឹង​ម៉ោង​១២​និង​២៣​នាទី​ម៉ោងសកល) នោះ​​មាន​​អានុភាព​​​៦,៤ រិចធឺរ និង​​កើត​មាន​លើ​ផ្ទៃដី​​ ៦០​ គីឡូម៉ែត្រ ភាគ ឦសាន​នៃ​​ទីក្រុង​​តាប្រ៊ីស (Tabriz) ក្នុង​ជម្រៅ​៩,៩​គីឡូម៉ែត្រ។ ទូរទស្សន៍​របស់​​រដ្ឋ​បាន​​ដកស្រង់​សម្ដី​របស់​ប្រធាន​គណៈកម្មាធិការ​វិបត្តិ​មូលដ្ឋាន លោក ខាលីល សាអេ (Khalil Saei) ដែល​បាន​និយាយ​ថា ចំណុចកណ្ដាល​នៃ​រញ្ជួយ​ដី​នេះ គឺ​ស្ថិត​នៅ​ចន្លោះ​​​​ទីប្រជុំជន​ អាហា (Ahar) និង​ហារីស (Haris) ចម្ងាយ​ប្រហែល​៥០០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​​នៃ​ទីក្រុង​តេហេរ៉ង់។

ទូរទស្សន៍​អ៊ីរ៉ង់​បាន​រាយការណ៍​បញ្ជាក់​​ថា ការ​រញ្ជួយ​ដី​នេះ​ កើតមាន​នៅ​ទីប្រជុំ​ជន​​អាហារ ហារីស និង​វ៉ាសាកាន់ (Varzaqan) នៅ​​​ខេត្ត​អាស៊ែបៃហ្សង់​ភាគ​ខាង​កើត​ប្រទេស​អ៊ីរ៉ង់។ មាន​ភូមិ​យ៉ាង​តិច​ចំនួន​ប្រាំមួយ​ភូមិ​​ត្រូវ​​ខូចខាត​ទាំងស្រុង​ ហើយ​ភូមិ​ចំនួន​៦០​ភូមិ​ទៀត​​ត្រូវ​ទទួល​រង​ការ​ខូចខាត​ ចាប់​ពី​៥០​ភាគរយ​ រហូត​ដល់​៨០​ភាគរយ។ កាល​ពី​ឆ្នាំ​២០០៣ មាន​ប្រជាជន​ប្រមាណ ២៦.០០០ នាក់​​​​ស្លាប់​ដោយ​សារ​​ការ​រញ្ជួយ​ដី​​មាន​អានុភាព​​៦,៦​ រិចធឺរ ដែល​បាន​បំផ្លាញ​ទីក្រុង​​បាម (Bam) ភាគ​ពាយ័ព្យ​​នៃ​ប្រទេស​អ៊ីរ៉ង់៕