Wednesday, August 15, 2012

ក្រុម​សិស្សានុសិស្ស​ដែល​​ធ្វើ​ការ​តវ៉ា​​ឲ្យ​មាន​កំណែ​ទម្រង់​វិស័យ​អប់រំ ​កាន់​កាប់​វិទ្យាល័យ​មួយ​ចំនួន

សិស្សានុសិស្ស​ជាច្រើន​​ពាន់​នាក់​បាន​​កាន់កាប់​អនុវិទ្យាល័យ​ជាច្រើន​ ហើយ​បាន​បិទ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​​នៅ​ប្រទេស​ស៊ីលី ដើម្បី​ទាមទារ​កំណែទម្រង់​វិស័យ​អប់រំ។​ ក្រុម​នគរបាល​​​ដែល​បំពាក់​​ដោយ​ឧបករណ៍​បង្ក្រាប​​ក្រុម​បាតុករ​​បាន​​បណ្ដេញ​សិស្សានុសិស្ស​ជា​ច្រើន​នាក់​​ចេញ​ពី​សាលា​រៀន​មួយ​ចំនួន ប៉ុន្តែ​​យ៉ាង​ហោច​ណាស់​រហូត​មក​ថ្ងៃ​ម្សិលមិញ​នេះ សិស្សានុសិស្ស​នៅ​​តែ​កាន់​កាប់​សាលារៀន​​ប្រាំពីរ​។

ការ​ទាមទារ​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វិស័យ​អប់រំ ​​ដោយ​​ក្រុម​សិស្សានុសិស្ស​ដែល​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ និង​ធ្វើ​ពហិការ​មិន​ចូល​រៀន​ពេញ​មួយ​សប្ដាហ៍​នោះ សំខាន់​គឺ​ទាមទារ​ឲ្យ​​ពិនិត្យ​និង​រៀបរយ​ប្រព័ន្ធ​សាលារៀន​មួយ​ឡើង​វិញ។ សាលា​រៀន​នេះ​​​ត្រូវ​បាន​ប្រគល់​ឲ្យ​ឯកជន​គ្រប់គ្រង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៣-៩០ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​របប​ផ្ដាច់​ការ​របស់​ឧត្ដម​សេនីយ៍ អ័រហ្គូស្ដូ ពីណូឆែត (Augusto Pinochet)។

បាតុកម្ម​ធំៗ​​ជាច្រើន​ ពី​ដំបូង​ឡើយ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​រំពឹង​ថា មាន​ការផ្លាស់ប្ដូរ​​ទាំងស្រុង ប៉ុន្តែ​ជាង​មួយ​ឆ្នាំ​ក្រោយ​​ពី​បាតុកម្ម​លើក​ទី១ សិស្សានុសិស្ស​មិន​ច្រើន​ទេ​ដែល​ទទួល​បាន​​ផល​ប្រយោជន៍​ពិតប្រាកដ។ សិស្សានុសិស្ស​ជា​ច្រើន​នាក់​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​តវ៉ា​និយាយ​ថា ប្រពន្ធ​អប់រំ​នៅតែ​មិន​​ប្រសើរ។ គុណភាព​អប់រំ​នៅ​​តាម​សាលា​សាធារណៈ និង​សាកល​វិទ្យាល័យ​ឯកជន នៅ​​តែ​មិន​ល្អ ​​គ្រូបង្រៀន​មិន​ល្អ ហើយ​ធនាគារ​ផ្ដល់​​ប្រាក់​កម្ចី​សម្រាប់​អប់រំ​ដែល​មាន​ការប្រាក់​ខ្ពស់​​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីលី​ស្ទើរ​តែ​ទាំង​អស់​មិន​អាច​មាន​លទ្ធភាព​ខ្ចី​​បាន។

​ រដ្ឋាភិបាល​​គ្រោង​នឹង​​​​ដំឡើង​ពន្ធ​ប្រហែល​១ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ ប៉ុន្តែ​ក្រុម​សិស្សានុសិស្ស​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​និយាយ​ថា ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​ទេ។ បេយ័រ (Beyer) បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​ព្រម​ធ្វើ​តាម​ការ​ទាម​​របស់​សិស្សានុសិស្ស​ឲ្យ​មាន​​ការ​អប់​រំ​មិន​បង់​ប្រាក់​នោះ​ទេ ដោយ​គាត់​បាន​ហៅថា នោះ​ជា គោល​នយោបាយ​​មិន​ស្មើភាព ហាក់ដូច​ជា​ដើរ​ថយ​ក្រោយ។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្រុម​នគរបាល​បាន​​ប្រើ​បំពង់​រថយន្ត​បាញ់​ទឹក​ដើម្បី​​បាញ់​បំបែក​​ ក្បួន​ដង្ហែ​​ដែល​មាន​សិស្សានុសិស្ស​ចូល​រួម​​រាប់​ម៉ឺន​នាក់​​​​​​ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ ដែល​នៅពេល​នោះ​​​មាន​​ជន​ពាក់​​មុខ​​​ដុត​រថយន្តក្រុង​បី​គ្រឿង មនុស្ស​៧៥​នាក់​ត្រូវ​ចាប់​ខ្លួន ហើយ​មន្ត្រី​នគរបាល​៤៩​បាន​ទទួល​រង​របួស។ រដ្ឋាភិបាល​បាន​ថ្កោល​ទោស​មេដឹកនាំ​សិស្សានុសិស្ស​ដែល​បាន​បណ្ដោយ​ឲ្យ​ធ្វើ​ក្បួន​ដង្ហែ​ ដែល​​ត្រូវ​បាន​ហាម​ឃាត់​ដោយ​​អាជ្ញាធរ​​ក្រុង​ សានទីហ្គោ (Santiago)។

​​មេដឹកនាំ​សិស្សានុសិស្ស​និយាយ​ថា អាច​នឹង​មាន​ការផ្លាស់ប្ដូរ​ តែ​ក្នុង​ករណី​ដែល​វិស័យ​ឯកជន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​រដ្ឋ ហើយ​​វិស័យ​អប់រំ​​លែង​ឲ្យ​មាន​ជា​ក្រុម​ហ៊ុន​រក​ប្រាក់​ចំណេញ​។

លោក​ប្រធានាធិបតី ពីណេរ៉ា (Pinera) បាន​បដិសេធ​មិន​ព្រម​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​អប់រំ​យ៉ាង​សំខាន់​នោះ​ទេ។ ផ្ទុយ​ទៅវិញ លោក​​បាន​​ស្នើ​ថវិកា​ជាតិ​ចំនួន​១​ពាន់​លាន​ដុល្លារ​ សម្រាប់​ផ្ដល់​អាហារូបករណ៍​ថ្មី​​ទៅ​និស្សិត​​រាប់​ពាន់​នាក់ ព្រមទាំង​បាន​ស្នើ​បញ្ចុះ​អត្រា​ការ​ប្រាក់​កម្ចី​សម្រាប់​និស្សិត ពី​​អត្រា​មធ្យម​៦%មក​ត្រឹម​តែ​២​%។ លោក​ និយាយ​ថា ផែនការ​ ដែល​​​សភា​ជាតិ​បាន​អនុម័ត​ និង​កំពុង​ពិភាក្សា​នៅ​ព្រឹទ្ធសភា​នោះ នឹង​អាច​អនុញ្ញាត​​ឲ្យ​និស្សិត​កាន់​ច្រើន​មាន​​សង្ឃឹម​​​ចូលរៀន​នៅ​តាម​សាលា​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​ស៊ីលី ព្រម​ទាំង​អាច​កាត់បន្ថយ​បន្ទុក​ថវិកា​លើ​ក្រុម​គ្រួសារ​​របស់​សិស្សានុសិស្ស​ផង៕